រឿងខ្លា ស្វា និងទន្សាយ

QR:  រឿងខ្លា ស្វា និងទន្សាយ

មានសត្វខ្លាមួយ វាដាច់សង្វែង ដើររកចាប់អ្វីមិនបានសោះ ខំដើរស្វែងណាស់ៗទៅប្រទះនឹងសត្វអកមួយ កំពុងតែយំឮសូរអកអូៗ ទំលើដើមព្រឹក្សាមួយនៅមាត់ត្រពាំង ខ្លាក្រឡេកមើលទៅឃើញគិតក្នុងចិត្តថា៖ ធ្វើម្ដេចនឹងចាប់អានេះបានហ្ន ! បើវានៅខ្ពស់ម្ល៉េះ ? បើអញឡើងទៅ មុខជាវាឃើញ ហើយហើរទៅកាលណានឹងចាប់វាបាន ?។ ខ្លាអង្គុយចាំមើលកិច្ចកលសត្វអក នោះ ។ ឯសត្វអកនោះកាលណាទំហើយ ភ្នែកវាតែងរំពៃមើលទៅបង្ហែត្រី ក្រែងមានត្រីបន្លៀកខ្លួនឡើងនឹងចាប់ ។ យូរបន្តិចមានត្រីមួយផុសឡើងពីក្នុងទឹក , អកស្ទុះទៅចាប់បានត្រីនោះ យកមកធ្វើជាចំណីវាទៅ ។ ខ្លាឃើញអកធ្វើដូច្នោះ ក៏គិតក្នុងចិត្តថា៖ “យើ ! អាអកនេះវាអង្គុយតែស្ងៀមសោះ ស្រាប់តែមានត្រីហែលក្នុងត្រពាំងនោះ វាស្ទុះទៅចាប់បានមួយរំពេចយកមកក្រអែះ មិននឿយហត់ប៉ុន្មានសោះ មិនព្រួយដូចជាខ្លួនអញ ខំ​ដើរ​ស្វែង​រក​ស្ទើរ​ស្លាប់​មិន​ងាយ​បាន , អានេះអង្គុយធ្វើច្រងុកៗ ចាប់បានភ្លាមៗ ហើយវាមិនលំបាកលបលំបាកឱន ក្រាបទៀតផង, បើ​ដូច្នេះ​អញ​គិត​ធ្វើ​ដូច​សត្វ​អក​នេះ​វិញស្រួលជាង ” ។ ខ្លាគិតដូច្នោះហើយក៏ដើរទៅទៀត ដើម្បីស្វែងរកបឹង ឬត្រពាំងជាទីស្ងាត់ ហើយដែលមានត្រីច្រើននោះ ។ វាដើរទៅដល់បឹងមួយជាទីស្ងាត់, នៅមាត់បឹងនោះ មានដើមឈើធំៗដុះច្រូងច្រាង ដ៏មានម្លប់ត្រឈៃល្មមវាពឹងពួនខ្លួនវាបាន ។ ពេលនោះមានបុរសម្នាក់នៅចងសន្ទូចក្នុងបឹងនោះ មុនខ្លាទៅដល់ ។ ដោយចង់មើលឲ្យឃើញសន្ទូចខ្លួន […]