រឿងនិទាន៖ រឿងគ្រូ និង សិស្ស

QR:  រឿងនិទាន៖ រឿងគ្រូ និង សិស្ស
VN:F [1.9.22_1171]
Rating: 5.5/10 (4 votes cast)

មានភិក្ខុមួយអង្គគង់នៅវត្ត មានកូនសិស្សតែម្នាក់ឈ្មោះអាផ្លូញ ។ អាផ្លូញខិលណាស់ គ្រូល្ងង់ណាស់ ឆោតច្រើន គ្មានឧបាសកណារាប់អានយកចង្ហាន់ស្លាបារី ទៅប្រគេនឬនិមន្ដឆាន់ផ្ទះដល់ម្ដងឡើយ លោកនោះក្រលំបាកពន់ពេកតែលោកមានដំរីមួយ ។

ថ្ងៃមួយលោក នោះពិចារណាថា “សព្វថ្ងៃនេះគ្មានឧបាសក ឧបាសិកាគេប្រគេនវត្ថុអ្វីឆាន់សោះ ហើយដូច្នេះគួរអញទិញវត្ថុផ្សេងៗយកមកទុកឆាន់កុំឲ្យលំបាក” ។ គិតដូច្នោះហើយក៏ប្រាប់កូនសិស្សថា “អាផ្លូញឯងចាប់ដំរីមក ហើយឯងទៅផ្សារនឹងអញរកទិញវត្ថុផ្សេងៗយកមកទុកឆាន់” ។ កូនសិស្សទៅចាប់ដំរីបានមក គ្រូនិងសិស្សក៏ឡើងជិះដំរីទៅផ្សារ ។ លុះទៅដល់គ្រូប្រាប់សិស្សថា “ឯងទិញវត្ថុអ្វីដែលទុកបានយូរមិនខូច” ។ អាផ្លូញជាសិស្សក៏ទិញអំបិលមួយច្រកការុងស្រេច ។ គ្រូឃើញសួរថា “ហេតុដូចម្ដេចក៏ឯងទិញតែអំបិស មិនទិញត្រីឆ្អើរ ត្រីងៀតផង ?” ។ កូនសិស្សទូថា “អមបិលទុកបានយូរ មិនចេះខូច បានជាខ្ញុំព្រះករុណាទិញ” ។ គ្រូឆោតល្ងង់ណាស់ក៏ស្ងៀម ។

គ្រូ ឡើងបរដំរីមកវិញ សិស្សរែកអំបិលដើរពីក្រោយ ដល់ពាក់កណ្ដាលផ្លូវគ្រូមើលទៅសិស្ស ឮសូរដងរែកដូចជាស្រួលក៏សួរថា “អាផ្លូញ ! អញមើលទៅឯងរែកអំបិលដូចជាស្រួលឬយ៉ាងណា ?” ។ សិស្សទូលថា “ព្រះករុណា ! ស្រួលណាស់ហើយស្រាសផង” ។ លោកគ្រូប្រាប់សិស្សថា “ឯងជិះដំរីវិញអញរែកអំបិលដើរក្រោយ” ។ លោកគ្រូថាហើយ ចុះពីលើដំរីមក សិស្សក៏ឡើងជិះដំរីទៅ ។ លោកគ្រូប្រាប់ថា “ឯងបរដំរីទៅចាំអញម្លប់ឈើមុខ” ។ សិស្សបរដំរីទៅដល់ម្លប់ឈើក៏មិនឈប់ចាំគ្រូ បររហូតដល់វត្ត ។

លោក គ្រូរែកអំបិលដើរតាមក្រោយ ដោយអំបិលនោះធ្ងន់ណាស់ លោកគ្រូរែកឈប់ៗ បែរមើលទៅសិស្សមិនឃើញក៏គិតថា “ចាំក្រោយសឹមនាំសឹមនាំសិស្សមកយក” ហើយយកអំបិលទៅលាក់ក្នុងព្រៃ មុននឹងលាក់លោកគិតថា “ទីនេះបើសិនជាមានគេមករកជម្រកឃើញ គេនឹងយកអំបិលនេះអស់មិនខាន គួរតែរកទីណាដែលកំបាំងភ្នែកអ្នកទាំងពួង គឺមានតែក្នុងទឹកទើបគេមើលមិនឃើញ” ហើយក៏យកអំបិលទាំងពីរការុងទៅលាក់ទុកក្នុងទឹកហើយដើរទៅ ។ លុះដល់សួរសិស្សថា “ហេតុដូចម្ដេចក៏ឯងមិនចាំអញ ?” ។ សិស្សទូលថា “ខ្ញុំព្រះករុណាបរដំរីមកប្រុងចាំលោកគ្រូដែរតែដំរីមិនព្រមចាំ សោះ អង្វរដូចម្ដេចក៏វាមិនព្រម វាប្រឹងដើរដល់វត្តទើបឈប់” ។ សិស្សសួរគ្រូថា “លោកគ្រូទូកអំបិលឯណា ?” ។ គ្រូប្រាប់ថាអញលាក់ទុកនៅទីឯណោះ អញកាច់ដើមឈូកដោតជាសម្គាល់” ។

ព្រឹក ឡើងនាំកូនសិស្សទៅយកអំបិលវិញ លុះដល់ប្រាប់សិស្សថា “អញលាក់ទុកក្នុងត្រពាំងនេះ” ។ សិស្សលាន់មាត់ថា “ម៉ែអើយ ! វារលាយអស់ហើយ!” ។ អាផ្លូញក៏ចុះទៅ យកអំបិលលើកការុងទាំងពីរឡើងរលាយអស់គ្មានសល់ ចំណងដែលចងមាត់ការុងដាច់អស់ ឃើញឯត្រីកញ្ចុះមួយនៅក្នុងការុងនោះ ។ សិស្សទូលលោកគ្រូថា “មានត្រីកញ្ចុះមួយ នៅក្នុងការុង វាស៊ីអំបិលអស់ទៅហើយ” ។ យកត្រីនិងការុងប្រគេនគ្រូមើល ។ លោកគ្រូឃើញ ត្រីខឹងណាស់ក៏ទះកំផ្លៀង មុតដៃនឹងធ្មង់ត្រីជាប់ ។ ពិសត្រីចាប់ពើតឈឺខ្លាំងពេក លោកគ្រូថា “ឯងចាប់ត្រីដកធ្មង់ វាឆាប់ត្បិតអញឈឺណាស់” ។ សិស្សក៏ចាប់ដកទាញស្ទើរតែមិនរួច ។ លុះដករួចឈាមហូរជាខ្លាំង ពិសត្រីរឹតតែឈឺខ្លាំងឡើង លោកគញរូនាំកូនសិស្សទៅវត្តវិញ យកទាំងការុង និង ត្រីកញ្ចុះទៅផង ដល់ទៅវត្តប្រាប់សិស្សថា “អាផ្លូញ ឯងដាំបាយមួយឆ្នាំង អាំងត្រីកញ្ចុះនោះឲ្យឆ្អិនជាឆាប់អញនឹងឆាន់” ។ លុះពិសអន់ចាប់ពើតលោកគ្រូក៏សម្ងំសឹងលក់ទៅ ។

ឯអាផ្លូញ ក៏ដាំបាយអាំងត្រីឆ្អិន ហើយបរិភោគអស់ទុកតែបាយមួយពំនូទនិងឆ្អឹងត្រីក្នុងចានគ្រប តែវាគ្របមិនឲ្យជិត ។ លោកគ្រូភ្ញាក់ឡើងប្រាប់សិស្សថា “ឯងយកបាយនិងត្រីមកឆាន់” អាផ្លូញក៏ធ្វើជាកិរិយា ដូចជាទៅយកបាយប្រគេន លោកគ្រូរួចមកវិញ ទូលថា “បាយនិងត្រីរុយស៊ីអស់ហើយ នៅសល់តែមួយពំនូត និងឆ្អឹងត្រី” លោកគ្រូជឿឥតសង្ស័យ ដោយឆោតល្ងង់ក៏ឲ្យរំពាត់ផ្ដៅមួយមកសិស្សថា “ឯងយករំពាត់វាយរុយកុំឲ្យវានៅលើកុដិ” អាផ្លូញជាសិស្សក៏វាយរុយមិនឈប់” ។ គ្រានោះមានរុយទុំច្រមុះគ្រូ វាយទៅៗមិនត្រូវរុយ ត្រូវច្រមុះគ្រូបែកឈាមហូរខ្ចាយ ។ សិស្សភ័យណាស់រត់ទៅដល់ផ្ទះ និយាយប្រាប់ឳពុកម្ដាយតាមរឿង ។ ឳពុកម្ដាយប្រាប់កូនឲ្យមកវត្តវិញ កូនប្រកែកមិនព្រមមក ។ លោកគ្រូទៅតាមក៏វាមិនហ៊ានមកដោយខ្លាចគ្រូវាយ ។

ថ្ងៃមួយ លោកគ្រូ តាំងពិធីសូត្រមន្តអាគមស្នេហ៍បន្ទន់ចិត្តសិស្សឲ្យមក ។ អាផ្លូញជាសិស្សបានដឹងថាគ្រូតាំងពិធីសូត្រមន្តដូច្នោះ ក៏មកវត្តវិញ ដើម្បីឲ្យគ្រូជឿថាស្នេហ៍ពូកែ ។ លុះដល់វត្តវិញដើរលបៗចូលទៅឃើញគ្រូកំពុងតែអង្គុយសូត្រមន្ត ក៏សួរលោគ្រូថា “លោកគ្រូធ្វើអ្វី ?” ។ គ្រូកុហកថា “អញសូត្រមន្តអាគមបំបាំងខ្លួន ព្រោះអញទើបរៀនពីគេ” ។ ហើយលោកគ្រូគិតថា “ស្នេហ៍អញពូកែមែនបានជាសិស្សអញវាមក” ។ លុះព្រឹកឡើងសិស្សដាំបាយធ្វើម្ហូបស្រេច ទូលថា “ចង្ហាន់ឆ្អិនហើយ” ។ លោកគ្រូថា “បើដូច្នេះឯងលើកយកឲ្យអញឆាន់” ។ អាផ្លូញក៏លើកមកប្រគេន ធ្វើជាមើលមិនឃើញ ដាក់ថាសទៅ លើក្បាលលោកគ្រូៗស្រែកថា “អាផ្លូញ ! ហេតុម្ដេចក៏យកថាសមកដាក់លើក្បាលអញ ?” ។ សិស្សទូថា “ខ្ញុំព្រះករុណាមើលមិនឃើញ” ។ លោកគ្រូងាកចេញ អាផ្លូញក៏ដាក់លើក្បាលគ្រូទៀត ។ លោកគ្រូថា “អាឯងដាក់ថាសលើក្បាលអញទៀតហើយ” ។ សិស្សថា “ខ្ញុំព្រះករុណាសូមទោសព្រោះមើលមិនឃើញ” ។ លោកគ្រូជឿថាខ្លួនរៀនស្នេហ៍ៗពូកែប្រាកដ ឥឡូវកុហកវាថា តាំងពិធីមន្តអាគមបំបាំងខ្លួនវិញ ក៏ទៅជាពូកែគេ មើលមិនឃើញប្រាកដមែន គួរទន្ទេញឲ្យចាំកុំឲ្យភ្លេច ។

អាផ្លូញលុះប្រគេនចង្ហាន់គ្រូៗ ឆាន់រួចហើយ វាលើកមកបរិភោគខ្លួនវា ។

ថ្ងៃ ក្រោយមានឧបាសកគេនិមន្តលោកគ្រូទៅឆាន់ឯផ្ទះ ។ អាផ្លូញទូលថា “បើលោកគ្រូនិមន្តទៅឆាន់ផ្ទះគេ កុំស្លៀកស្បង់ឲ្យ ចាស់ខូចឥតអំពើឃ្លុំតែចីពរបានហើយ គេមើលមិនឃើញទេ ត្បិតលោកគ្រូចេះមន្តអាគមបំបាំងខ្លួនពូកែណាស់ អ្នកណានឹងមើលឃើញ គ្រូក៏ជឿតាមពាក្យសិស្ស ។

លុះព្រឹកឡើង លោកគ្រូប្រាប់សិស្សថា “ឯងតាមអញទៅឆាន់ឯផ្ទះឧបាសក” រួចលោកឃ្លុំតែចីពរមិនស្លៀកស្បង់ដោយគិតថា “ឃ្លុំតែចីពរបានហើយ ព្រោះមន្តអាគមអញពូកែណាស់ នរណានឹងមើលកេរ្តិ៍ខ្មាស់ឃើញ” រួចនាំកូនសិស្សទៅ ។

លុះទៅដល់ឧបាសកនិមន្តឡើងលើផ្ទះហើយ គេលើកចង្ហាន់មក ដើម្បីប្រគេនលោកឆាន់ ដោយលោកមិនបានស្លៀកស្បង់ អង្គុយមិនស្រួលងាកឆ្វេងងាកស្ដាំក៏លេចកេរ្តិ៍កណ្ដាលវាល ។ ឧបាសកឃើញដូច្នោះគេក៏នាំគ្នាសើចហ៊ោលាន់ ។ លោកគ្រូពុំទាន់ឆាន់ចង្ហាន់មានចិត្តខ្មាស់គេណាស់ ក៏ចុះពីលើផ្ទះត្រឡប់ទៅវត្តវិញ ជេរបន្ទោសសិស្សថា “អាឯងមិនឲ្យអញស្លៀកស្បង់ ឥឡូវខ្មាស់គេណាស់” អាផ្លូញទូលថា “លោកគ្រូកុំខ្ញាល់និងខ្ញុំព្រះករុណា រឿងនេះប្រហែលជា ខុសត្រណមទេឬ ?” ។ លោកគ្រូសួរថា “ឯងឃើញអញខុសត្រណមដូចម្ដេច ?” ។ អាផ្លូញសួរថា “លោកគ្រូនិមន្ត ទៅឆាន់ទៅ តាមផ្លូវណា ?” ។ លោកគ្រូប្រាប់ថា “អញកាលទៅចេញផ្លូវកើត” ។ សិស្សថា “ឪ ! ច្បាស់ជាលោកគ្រូខុសត្រណមហើយ” ។ ថ្ងៃមុនលោកគ្រូប្រាប់ខ្ញុំព្រះករុណាថា “បើរៀនមន្តអាគមទាំងពួងត្រូវឲ្យតមស៊ីផ្លែស្ពឺ សូម្បីតែមុជក្រោមដើមស្ពឺក៏មិនបាន វាសាបមន្តអាគម ឥឡូវលោកគ្រូមុជក្រោមដើមស្ពឺបានជាខុសត្រណម សាបអាគមអស់ ហេតុនេះបានជា គេឃើញកេរ្តិ៍ខ្មាស់លោកគ្រូ” ។ លោកគ្រូបានស្ដាប់ដូច្នោះហើយ ក៏ថា “ឪ ! អាផ្លូញអញភ្លេចតមបានជាយ៉ាងហ្នឹង ឯងថានោះពិតប្រាកដហើយ” ។ លោកគ្រូនោះដោយឆោតល្ងង់ក៏ជឿជាក់ឥតសង្ស័យ ។ តាំងពីនោះមកអាផ្លូញជា សិស្សនៅបម្រើគ្រូដោយសុខសប្បាយ ។

VN:F [1.9.22_1171]
Rating: 5.5/10 (4 votes cast)
VN:F [1.9.22_1171]
Rating: +1 (from 1 vote)
រឿងនិទាន៖ រឿងគ្រូ និង សិស្ស, 5.5 out of 10 based on 4 ratings

Leave a Reply