រឿងក្រពើរមិលគុណ

QR:  រឿងក្រពើរមិលគុណ
VN:F [1.9.22_1171]
Rating: 7.2/10 (10 votes cast)

មានបុរសឳពុកនិងកូនបរទេះចេញទៅជួញជួបនិងក្រពើមួយដែលភ្លើង ព្រៃ រោលរលាកជើងទាំង ៤ និងដើររកចំណីឆីពុំបានអត់អាហារស្គមរីងរៃ ។ បុរសឳពុក និង កូនបានឃើញក្រពើនោះរលាកជើងទាំង ៤ ស្គមទាំងខ្លួននិងវាពុំបានដូច្នោះហើយ បុរសនោះអាសូរក្រពើ បានកាប់ឈើមកចងអមក្រពើនោះរឹងជាប់ លើកដាក់លើរទេះបរទៅ លុះដល់បឹងមួយធំជាទីសុខសប្បាយ បុរសនោះដាក់ក្រពើចុះ ក្នុងទឹកក្រពើនោះ បានផឹកទឹក អកភក់ឆ្អែតហើយ គិតនឹងខាំបុរសនោះវិញ បុរសនោះថា “ព្រះស្ដែងកុំខាំអញៗ មានគុណលើព្រះស្ដែង” ក្រពើនោះថា “មានគុននឹងអញឯណា បើចងអញស្ទើរស្លាប់ដូច្នោះ អញឆីព្រះស្ដែងឲ្យទាល់តែបាន” ។

ឯបុរសថា “ព្រះស្ដែងកុំអាលខាំអញ មកយើងនឹងនាំគ្នាទៅរកអ្នកប្រាជ្ញ លោកកាត់សេចក្ដីនេះឲ្យយើង” ទើបបុរស និងក្រពើ នាំគ្នាទៅក្រាបបង្គំទូលពញរះមហាក្សត្រ ដោយនូវដំណើរទីទៃៗ ។ ក្រពើក្រាបបង្គំថា “ខ្ញុំ ព្រះបាទអម្ចាស់នៅទីមួយស្ងៀមៗ ស្រាប់តែចៅនេះមកចងអបខ្លួនខ្ញុំព្រះបាទអម្ចាស់ជាប់ លើកដាក់លើរទេះបរទៅ ខ្ញុំព្រះបាទអម្ចាស់បម្រះពុំរួច ព្រោះតែធ្វើទុក្ខខ្ញុំព្រះបាទអម្ចាស់ បានជាខ្ញុំព្រះបាទអម្ចាស់ ខាំបុរសនេះឆី” ។ បុរសក្រាបបង្គំថា “ក្រពើ នេះភ្លើងព្រៃរោលរលាកជើងទាំង ៤ វាពុំរួចបានខ្ញុំព្រះបាទអម្ចាស់អាសូរ ទើបយកឈើចងអបហើយ លើកដាក់លើរទេះបរទៅដល់បឹងទើបស្រាយលែងហើយ ក្រពើនេះចុះទៅក្នុងទឹកបានផឹកទឹកអកភក់មានកម្លាំងហើយ គិតខាំខ្ញុំព្រះបាទអម្ចាស់វិញ ហេតុនេះបានជា ខ្ញុំព្រះបាទអម្ចាស់ទាំង ២ នាំគ្នាមកក្រាបបង្គំទូលព្រះអង្គ សូមទ្រង់កាត់សេចក្ដីនេះ បើព្រះអង្គពុំជឿសុំទ្រង់ទត ជើងក្រពើទាំង ៤ ចុះ” ។

ព្រះមហាក្សត្រទ្រង់ពិចារណាថា “ក្រពើនេះឥតធម៌ពុំដឹងគុណគេឡើយ” ទើបព្រះអង្គកាត់ថា “បើដូច្នេះមានតែ ព្រះស្ដែង ឲ្យគេចង់ព្រះស្ដែងដូចអំពីមុននោះសិន ហើយ សឹមអញពិចារណាឲ្យព្រះស្ដែង” ទើបព្រះអង្គឲ្យបុរសនោះ ទៅចងក្រពើនោះ ជាប់ដូចអំពីមុន ហើយទ្រង់មានព្រះបន្ទូលថា

“ព្រះ ស្ដែងនាំទៅផ្ទះចុះ ថ្ងៃក្រោយព្រះស្ដែង កុំធ្វើគុណនឹងសត្វតិរច្ឆាន ព្រោះលោកថាពុំត្រូវ ទុកចិត្តសត្វ មានចង្កូម មានពិសទេ” ។

ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នេះបុរសនោះចូលចិត្តហោង ។

VN:F [1.9.22_1171]
Rating: 7.2/10 (10 votes cast)
VN:F [1.9.22_1171]
Rating: +2 (from 2 votes)
រឿងក្រពើរមិលគុណ, 7.2 out of 10 based on 10 ratings

Leave a Reply