រឿងនិទាន៖ អភិសេក ព្រះថោង និងនាងនាគ

QR:  រឿងនិទាន៖ អភិសេក ព្រះថោង និងនាងនាគ
VN:F [1.9.22_1171]
Rating: 6.7/10 (20 votes cast)

ថ្ងៃមួយ ព្រះថោងបាននាំសេនារាលរេហ៍ ទៅក្រសាលតាមឆ្នេរខ្សាច់កោះ បានយាងទៅដល់ទួលដំបូកគោកធ្លក ។ ដោយហេវហត់អស់កំលាំង ព្រះអង្គចូលទៅសំរាកក្រោមដើមធ្លក ។ ដល់ពេលរសៀលទើបព្រះអង្គភ្ញាក់ ។ តែទឹកបានឡើងលិចព័ទ្ធជិតជុំវិញទួលគោកធ្លក ។ ដោយមិនអាចវិលត្រលប់ទៅវាំងប្រាសាទបាន ព្រះថោងក៏ទ្រង់គង់សំរាកនៅទីនោះរង់ចាំពេលទឹកស្រកដកទៅវិញ ។ គ្រានោះ នារាត្រីដ៏សែនស្ងាត់ជ្រងំ ព្រះនាងធារាវត្តី បុត្រីស្តេចភុជង្គនាគ បាននាំអស់ពពួកភីលៀងបរិវារចេញមកក្រ-សាលលេងកំសាន្តលើកោះគោកធ្លក ។ ព្រះថោងទតយល់ឃើញព្រះនាងកាលណា ក៏លបលួចចាប់ចិត្តប្រត្តិព័ទ្ធស្នេហាភ្លាម ។ ក្រោយដែលបានផ្តោះផ្តង សាកសួរគ្នាទៅវិញទៅមក ព្រះថោង និងនាងនាគ ក៏ចាប់ផ្តើមមានចិត្តសេ្នហា ស្មោះស្ម័គ្រនឹងគ្នាទៅវិញទៅមក ។

ក្នុងរវាងប្រាំពីរថ្ងៃ តាមពេលកំណត់រវាងគូស្នេហ៍ទាំងពីរ ព្រះថោងត្រូវរៀបចំជំនូន និងរណ្តាប់បណ្តាការគ្រប់បែបយ៉ាង មករង់ចាំនៅត្រង់ទីកន្លែងដដែល ។

ចំនែកព្រះនាងនាគធារាវត្តី កាលបើទៅដល់ឋានភុជង្គនាគ ក៏បានរ៉ាយរ៉ាប់រឿងរ៉ាវទាំងប៉ុន្មានតាមដំណើរទូលថ្វាយព្រះបិតា និងព្រះមាតា ។ ស្តេចភុជង្គនាគ មិនបានយល់ជំទាស់ទេ ។ ព្រះអង្គបានសុខចិត្តយល់ព្រមទៅតាមសំណូមពរគោលបំណងរបស់កូន ។

ប្រាំពីរថ្ងៃកន្លងមក ព្រះថោងបាននាំពលរេហ៍សេនា លើកជំនូនសួយសារអាករគ្រប់បែបយ៉ាងរៀបចំដោយប្រណិត យ៉ាងបរិបូរណ៌ឥតមានខ្ចោះឥតមានខ្វះត្រង់ណា យកមកទុកត្រៀមខ្លួនរង់ចាំនៅក្រោមដើម ធ្លក ។

ដល់ថ្ងៃកំណត់ ស្តេចភុជង្គនាគ និងព្រះអគ្គមហេសី បានយាងចេញមកត្រង់កន្លែងដើមធ្លកមែន ។ បានយល់បានឃើញ ព្រះមាតា ព្រះបិតាព្រះនាងធារាវត្តី ភ្លាមកាលណា ព្រះថោងទ្រង់លត់ជង្គង់ក្រាបថ្វាយបង្គំដោយក្តីគោរព ។ ស្តេចភុជង្គនាគ និង មហេសីពេញចិត្តត្រេកអរសាទរណាស់ បានទទួលព្រះថោងជាកូនប្រសា ក៏បានរៀបចំអភិសេកកូនស្រីកូនប្រុសជាគូស្វាមីភរិយារៀងមក ។

ស្តេចភុជង្គនាគ ព្រមទាំងបរិវារ ដើម្បីទុកជាចំណងដៃដល់កូនប្រុសស្រី បាននាំពលរេហ៍សេនា បឺតពង្រីងអោយកើតបានជាដីស្ងួត ធំធេងទូលំទូលាយ ហើយបានកសាងប្រាង្គប្រាសាទវាំងតូចធំទុកថ្វាយជាច្រើន ។

ព្រះថោងនាងនាគ ត្រូវបានរៀបចំអភិសេកជាគូស្វាមីនៅវេលាម៉ោងព្រឹក នៅថ្ងៃ១១កើត ខែពិសាខ ព.ស.២៧៧ឆ្នាំម្សាញ់ ត្រូវជាឆ្នាំ ២៦៧មុនគ.ស. ។ កាលនោះ ព្រះនាងបានព្រះជន្ម ៤៦វស្សា ។

ក្នុងពេលជាមួយគ្នានោះដែរ ព្រះថោងក៏បានទទួលព្រះរាជាភិសេកឡើងសោយរាជសម្បត្តិនគរ-គោកធ្លកដែរ ។ ព្រះអង្គបានទទួលគោរម្យនាមជា “ព្រះបាទសម្តេច កុម៉ែរាជសេដ្ឋាធម្មិកវ-រោត្តមបឋមខេមរា ខត្តិយាវង្សសកូល កំពូលក្រុងកម្ពុជាធិបតីសិរីសោភា បវររាជធានីបូណ៌មី ឧត្តមហាដ្ឋាន” ។ ព្រះអគ្គមហេសី នាងនាគ ឬ ព្រះនាងធារាវត្តី បានទទួលព្រះនាមជា “សម្តេចព្រះវភក្តីក្សត្រីគាប់លក្ខណ៍- អគ្គទេវី” ។

ពិធីបុណ្យអភិសេកចប់សព្វគ្រប់កាលណា ស្តេចភុជង្គនាគ និងព្រះអគ្គមហេសី បាននាំបរិវារ នាម៉ឺនមុខមន្រ្តី ត្រឡប់ចុះទៅព្រះនគរវិញ ។ ដើម្បីជូនដំនើរព្រះបិតា ព្រះមាតាក្មេកចុះទៅឋានភុជង្គនាគ ព្រះថោង ឬ ព្រះបាទសម្តេចកុម៉ែរាជ បានចាប់តោងស្បៃនាងនាគ ចុះតាមទៅជាមួយដែរ ។

កាលនោះ ព្រះថោងបានរៀបចំ សាងសង់ព្រះបរមរាជវាំងគង់នៅមហានគរធំ ឬ មហានគរ ឬ នគរធំ ឬអង្គរ ដែលជាកន្លែងដើមធ្លកបានដុះ ។

VN:F [1.9.22_1171]
Rating: 6.7/10 (20 votes cast)
VN:F [1.9.22_1171]
Rating: +2 (from 4 votes)
រឿងនិទាន៖ អភិសេក ព្រះថោង និងនាងនាគ, 6.7 out of 10 based on 20 ratings

Leave a Reply