រឿងនិទាន៖ កម្លោះពីរនាក់ចង់បានប្រពន្ធគេ

QR:  រឿងនិទាន៖ កម្លោះពីរនាក់ចង់បានប្រពន្ធគេ
VN:F [1.9.22_1171]
Rating: 7.4/10 (18 votes cast)

មានរឿងមួយថា មានបុរសម្នាក់ មានប្រពន្ធល្អ ទើបតែរៀបការថ្មីៗ បណ្ដើរគ្នាទៅសួរញាតិ មានកម្លោះពីរនាក់ បានឃើញ ក៏ស្រឡាញ់ចង់បាន វាគិតថា “យើងធ្វើដូចម្ដេចនឹងបានអេះ ? ។ ចៅម្នាក់ ឆ្លើយថាងាយទេ ឯងគិតទៅរកខ្ចីរទេះគោមកបរ ប៉ុន្តែឯងមិនស្គាល់អញ បើអញសួរឯងៗ កុំប្រាប់ថារទេះ ចូរឯងប្រាប់ថាចន្ទោល ថានឹមទៅវិញ ។

ទើបកម្លោះម្នាក់ទៅខ្ចីរទេះគេមកបរឲ្យជួបនឹងបុរសបណ្ដើរប្រពន្ធ នោះដើរមកដល់, ក៏កម្លោះម្នាក់នោះវាសួរថា “នែអ្នក ! អញ្ជើញមកអាយ ឈប់និយាយគ្នាលេងបន្តិចសិន” ។ បុរសការប្រពន្ធថ្មី ក៏ចូលទៅអង្គុយលេង ។ លុះកម្លោះម្នាក់ បររទេះមកដល់វាធ្វើជាសួរថា “នេះហៅអ្វី ? អ្នក ! ។ បុរសប្ដីប្រពន្ធ ឆ្លើយប្រាប់ថា “គេហៅរទេះ។ មែនឬអ្នក ? ។ បុរសនោះថា “មែន”។ “បើមែនអ្នកហ៊ានភ្នាល់នឹងខ្ញុំទេ”។

បុរសនោះសួរថា “អ្នកឯងមានទ្រព្យអ្វីភ្នាល់នឹងយើង ? ។ កម្លោះនោះថា “បើខ្ញុំចាញ់ ខ្ញុំនៅជាខ្ញុំអ្នក បើខ្ញុំឈ្នះ “សុំតែប្រពន្ធអ្នក” ។ បុរសនោះគិតថា ប្រាកដជាគេហៅរទេះមែននឹងខ្លាចអ្វី ក៏ព្រមភ្នាល់នឹងគេទៅ ។ ទើបកម្លោះដែលឈរ សួរទៅអ្នកបររទេះចង្អុលទៅសួរទៅចន្ទោល, កម្លោះអ្នកបររទេះប្រាប់ថា “នេះគេហៅចន្ទោល”។ ចង្អុលសួរទៅនឹមថា “នេះគេហៅនឹម” ។ “នេះគេហៅទូក” “នេះគេហៅទ្រាយ” “នេះគេហៅប្រែក” “នេះគេហៅកង់” “នេះគេហៅខ្នងកង់” “នេះគេហៅត្រពង” ដល់ឆ្លើយរួចសព្វគ្រប់ កម្លោះនោះសួរទៅបុរសជាប្ដីថា”ឥឡូវ គេមិនហៅរទេះទេ បើដូច្នោះតើអ្នកឯងព្រមចាញ់យើងឲ្យប្រពន្ធមកយើងឬម្ដេច ? បុរសជាប្ដីនោះមិនព្រម, ដល់ប្រកែកទៅមិនឈ្នះគេៗ ដណ្ដើមយកប្រពន្ធទៅបាន ។

បុរសនោះមិនសុខចិត្តទៅប្ដឹងចៅក្រមៗ ឲ្យទៅកោះចៅទាំងពីរនោះមកជំនុំ, កម្លោះទាំងពីរនាក់នោះវាសូកចៅក្រមៗកាត់សេចក្ដីថា “ត្រូវចាញ់គេហើយ ត្រូវឲ្យប្រពន្ធទៅគេហើយ” ។ បុរសនោះខឹងណាស់ ត្បិតគេយកប្រពន្ធទៅបាន ដើរផង យំផង, ដើរបន្តិចទៅប្រទះសុភាទន្សាយៗសួរថា “ថ្វីបានជាយំបង ?” ៗ បុរសនោះប្រាប់តាមដំណើរសព្វគ្រប់ ។ សុភាទន្សាយថា “បើដូច្នោះបងឯងកុំភ័យ រកតែចេកមកឲ្យយើងស៊ីសិន យើងទៅជួយជំនុំឲ្យបានប្រពន្ធមកវិញ” ។

បុរសនោះអរណាស់ ខំទៅរកចេកមកឲ្យសុភាទន្សាយៗ ស៊ីចេករួចហើយ ដើរទៅជាមួយបុរសនោះ ទៅដល់សួរចៅក្រមថា “លោកកាត់សេចក្ដីគេនោះ តើដូចម្ដេចខ្លះ ?”។ ចៅក្រម ឆ្លើយប្រាប់តាមដំណើរសព្វគ្រប់ ។ សុភាទន្សាយថា “លោកកាត់សេចក្ដី មិនទាន់អស់ទេ បើដូច្នេះខ្ញុំសូមកាត់សេចក្ដីនេះផង ឲ្យសុខចិត្តទាំងពីរខាង” ។ សុភាទន្សាយ សួរកម្លោះដែលយកប្រពន្ធគេមកនោះថា “អ្នកទាំងពីរនាក់កាលភ្នាល់គ្នាថាដាក់អ្វី ?” ។ បុរសនោះឆ្លើយថា “ដាក់ប្រពន្ធ” ។ សុភាទន្សាយ សួរទៅកម្លោះនោះថា “ត្រង់ណាហៅប្រពន្ធ” បើអ្នករកឃើញយកទៅចុះ បើរកមិនឃើញទេ ឲ្យប្រពន្ធទៅគេវិញទៅ”។ កម្លោះនោះចាប់ត្រង់ដៃ, សុភាទន្សាយប្រាប់ថា នេះគេហៅថាដៃទេ វាចាប់ត្រង់ជើង សុភាទន្សាយថា “នេះគេហៅជើងទេ” វាចាប់ត្រង់នេះ ក៏ថាមិនមែន, ត្រង់នោះក៏ថាមិនមែន ហើយប្រាប់ថារួមទាំងអស់គ្នាទៅទើបគេហៅ “ប្រពន្ធ” ឯរទេះក៏ដូចគ្នាគឺគេហៅចន្ទោល នឹម ទូក ទ្រាយ ប្រែក ធ្នង់ ត្រពង រួមទាំងអស់នេះទៅ ទើបហៅថា”រទេះ” បើដូច្នេះ ឯងយកប្រពន្ធគេ មិនបានទេ ឲ្យមកគេវិញ” ។ សុភាទន្សាយឲ្យកម្លោះនោះ យកប្រពន្ធមកវិញ។ សុភាទន្សាយស្ដីឲ្យលោកចៅក្រមថា “បងកាត់សេចក្ដីនេះស៊ីតែសំណូកគេ គ្មានត្រង់តាមព្រះច្បាប់សោះ” ។ បុរសនោះប្រាប់ប្រពន្ធមកវិញ ក៏អរណាស់ លើកដៃសំពះសុភាទន្សាយថា “លោកបងកាត់សេចក្ដីនេះ ពេញហៅត្រង់ហើយ ឲ្យលោកបានសម្បត្តិសួគ៌និព្វាន” ។

Source: ប្រជុំរឿងព្រេងខ្មែរ

VN:F [1.9.22_1171]
Rating: 7.4/10 (18 votes cast)
VN:F [1.9.22_1171]
Rating: +2 (from 6 votes)
រឿងនិទាន៖ កម្លោះពីរនាក់ចង់បានប្រពន្ធគេ, 7.4 out of 10 based on 18 ratings

Leave a Reply