រឿង មាយាស្ត្រី
ពីព្រេងនាយ មានបុរសម្នាក់ មានប្រពន្ធនៅជាមួយគ្នា តែពុំមានកូន ដល់យូរទៅប្រពន្ធនោះមានសាហាយនាំមកដេកជាមួយក្នុងផ្ទះ តែសព្វថ្ងៃ។ ថ្ងៃមួយប្ដីទៅជីកដំឡូវក្នុងព្រៃដល់ថ្ងៃក្ដៅចូលអាស្រ័យនៅខ្ទមអ្នកតាមួយ។ ប្រពន្ធរៀបអីវ៉ាន់ទៅបន់អ្នកតានោះ អោយទៅធ្វើប្ដីអោយស្លាប់ នឹងយកសាហាយធ្វើប្ដី រៀបស្រេចហើយក៏យកអីវ៉ាន់នោះ ដើរចូលទៅក្នុងខ្ទមអ្នកតា។ ប្ដីឃើញប្រពន្ធដើរចូលទៅក្នុងខ្ទមអ្នកតាក៏នឹកឆ្ងល់ថា «ប្រពន្ធអញវាមករកអ្វីក្នុងខ្ទមអ្នកតានេះ» គិតហើយក៏ចូលទៅពួនក្រោយខ្នងរូបអ្នកតា លបស្ដាប់ប្រពន្ធ ។ ឯប្រពន្ធក៏ចូលទៅអុចទៀនធូប ហើយនិយាយបន់អ្នកតាថា « ខ្ញុំមិនចង់យកប្ដីខ្ញុំទេ ខ្ញុំយកប្ដីទៀត សូមអ្នកតាកាច់ប្ដីខ្ញុំអោយស្លាប់ទៅ ខ្ញុំនឹងថ្វាយជ្រូក១ ។ ប្ដីលឺដូច្នោះ ក៏ឆ្លើយឡើងពីក្រោយអ្នកតាថា « អើបើនាងមានសាហាយ ហើយចង់អោយអញកាច់ប្ដីនាង អោយស្លាប់នោះងាយទេ វិលទៅផ្ទះវិញ ត្រូវរកមាន់ក្រាប ទាំងមេទាំងពងមួយសំបុកស្ងោរអោយប្ដីនាងស៊ីទៅវាស្លាប់ហើយ» មេនោះលឺដូច្នោះស្មានថា អ្នកតាបង្គប់ ក៏ប្រញាប់វិលទៅផ្ទះ រកទិញបានមេមាន់ក្រាបមួយសំបុកស្ងោរទុកអោយប្ដីស៊ី ដើម្បីអោយស្លាប់ ហើយនឹងយកសហាយ ។ លុះដល់ព្រលប់ប្ដីមកពីជីកដំឡូងដល់ហើយសួរថា «គេហ៍អើយ !បានអីស៊ីបាយ?»។ មេនោះឆ្លើយថា «ខ្ញុំបានមាន់ក្រាបមួយសំបុកស្ងោរទុកអោយអ្នក» ប្ដីថា «រៀបបាយមកស៊ី » ។ ប្រពន្ធក៏លើកបាយទាំងមាន់ក្រាបមកអោយប្ដីស៊ី ប្ដីស៊ីអស់មាន់ហើយធ្វើជាឈឺដេកថ្ងូរហ៊ឹៗ ។ មេនោះអរណាស់ គិតស្មានថាប្ដីឈឺមែន ត្រូវនឹងពាក្យអ្នកតាបង្គាប់ហើយដ្បិតលឺថ្ងូរ ឯប្ដីក៏ធ្វើជាដេកទៅ មេនោះគិតស្មានថាប្ដីស្លាប់ ក៏បើកទ្វារនាំយកសាហាយចូលទៅដេកជាមួយ។ […]